top of page
  • Facebook
  • Youtube
  • X
  • TikTok

អ្នកជំនាញយល់ថា ការចាប់ខ្លួនមេខ្លោងឆបោកអនឡាញលោកចេន ហ្ស៊ី ជាចំណុចវិជ្ជមាន ដែលកម្ពុជាព្រមសហការនឹងអន្តរជាតិខណៈចិនតាមចាប់ខ្លួនតាំងពីឆ្នាំ២០២០

នៅដើមឆ្នាំ២០២៦ មានរឿងគួរឱ្យភ្ញាក់ផ្អើលក្នុងតំបន់អាស៊ាន ដោយកម្ពុជាបញ្ជាក់ពីការចាប់ខ្លួនមេខ្លោងបណ្តាញឧស្សាហកម្មបោកប្រាស់អនឡាញនៅអាស៊ីអាគ្នេយ៍លោកចេន ហ្ស៉ី ដែលជាមហាសេដ្ឋីកម្ពុជាមានដើមកំណើតចិន។ ការចាប់បញ្ជូនឧក្រិដ្ឋជនអន្តរជាតិរូបនេះ អ្នកជំនាញយល់ថា ជាសញ្ញាណវិជ្ជមានដែលកម្ពុជាបោសសម្អាតបណ្តាញឧក្រិដ្ឋជនឆ្លងដែនដែលតាំងទីនៅកម្ពុជា ហើយជារឿងដែលកម្ពុជាត្រូវធ្វើដើម្បីស្តារមុខមាត់លើឆាកអន្តរជាតិ ពង្រឹងសណ្តាប់ធ្នាប់និងសុវត្ថិភាពជាតិ និងទាក់ទាញការវិនិយោគ។ ចិនបានអះអាងពីការតាមដានមេខ្លោងឧក្រិដ្ឋជនធំរូបនេះតាំងពីឆ្នាំ២០២០ មកម្ល៉េះរហូតចាប់ខ្លួនបានសម្រេចនៅដើមឆ្នាំ២០២៦។



ការចាប់ខ្លួនមេឧក្រិដ្ឋជនអន្តរជាតិដ៏ធំនេះ ត្រូវបានសារព័ត៌មានចិន CC-Time ចុះផ្សាយនៅថ្ងៃរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ និងក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃដដែល។ ក្រសួងមហាផ្ទៃកម្ពុជា អះអាងថា កម្ពុជាបានចាប់បញ្ជូនពលរដ្ឋចិន៣ រូប ដែលជាកិច្ចសហការរវាងនគរបាលកម្ពុជា និងចិន ជុំវិញឧក្រិដ្ឋកម្មឆ្លងដែន ដែលបានបញ្ជូនទៅកាន់ប្រទេសចិន ដែលក្នុងនោះរួមមាន លោកចេន ហ្ស៊ី ជាប្រធានក្រុមប្រឹក្សាភិបាល Prince Holding Group ជាមហាសេដ្ឋីកម្ពុជា មានដើមកំណើតចិន។ លោកចេន ហ្ស៉ី នេះ ជាបុគ្គលដែលស្ថិតក្នុងបញ្ជីរខ្មៅរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីខែតុលា ឆ្នាំ២០២៥ ជុំវិញបណ្តាញប្រតិបត្តិការបោកប្រាស់អនឡាញនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានរឹបអូសកាក់គ្រីបតូ ១៥ពាន់លានដុល្លារ ពី Prince Holding Group។ ចេន ហ្ស៊ី ធ្លាប់មានសញ្ជាតិកម្ពុជា តែត្រូវបានដកវិញនៅខែធ្នូ ២០២៥ ហើយក៏ធ្លាប់មានតួនាទីសំខាន់ៗ ក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលធ្លាបជាទីប្រឹក្សាផ្ទាល់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

ក្រៅពីសហរដ្ឋអាមេរិក អង់គ្លេសបានប្រកាសតាមប្រមាញ់មេឧក្រិដ្ឋជនរូបនេះនិងអ្នកពាក់ព័ន្ធ ខណៈអង្គការតម្លាភាពអន្តរជាតិអង់គ្លេស( Transparency International UK ) ចាត់ទុក អង់គ្លេសជាផ្ទះទី២ នៃជំនួញលុយកខ្វក់របស់ចេន ហ្ស៉ី ដែលអាចមានតម្លៃរហូតដល់ប្រមាណ ៦១ពាន់លានដុល្លារ។ រឿងក្តីបោកប្រាស់អនឡាញនៅអាស៊ីអាគ្នេយ៍ ជារឿងល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសវាបានសម្អុយកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ថាជាទីតាំងរបស់ឧក្រិដ្ឋជនបោកប្រាស់អនឡាញអន្តរជាតិ ដែលហេតុផលនេះហើយ ថៃបានប្រើប្រាស់ជាលេសដើម្បីបើកការវាយប្រហារមកលើកម្ពុជាក្នុងការប៉ះទង្គិចនៅខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។


ទោះជាយ៉ាងណា ការិយាល័យសន្តិសុខសាធារណៈចិនបានតាមស៊ើបអង្កេតលោក ចេន ហ្ស៊ី តាំងតែពីឆ្នាំ២០២០ ម្ល៉េះ ដែលជុំវិញហេតុផលនេះ ទើបកម្ពុជាចាត់បញ្ជូនរូបគេទៅកាន់ប្រទេសចិន ដែលត្រង់នេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ថា ដោយសារ ចិន ស្នើសុំកិច្ចសហការជាមួយកម្ពុជាជាច្រើនខែមកហើយ ហើយរូបលោកចេន ហ្ស៊ី នេះទៀតសោត មានដើមកំណើតចិនផង។ ជុំវិញ ការចាប់ខ្លួនឧក្រិដ្ឋជនធំរូប នេះ លោកលើកឡើងថា ជាការខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ និងល្បែងអនឡាញ ដែលរដ្ឋាភិបាលប្តេជ្ញាជាច្រើនឆ្នាំមកហើយ តាំងពីជំនាន់លោកហ៊ុន សែន ជានាយករដ្ឋមន្ត្រី មកដល់ជំនាន់លោកហ៊ុន ម៉ាណែត ខណៈរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀត ដើម្បីបោកសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះ នៅទូទាំងប្រទេស។

ជុំវិញមូលហេតុ ដែលសាធារណៈជនឆ្ងល់ថា ហេតុអ្វីកម្ពុជាចាប់បញ្ជូនលោកចេន ហ្ស៊ី ទៅកាន់ចិនពេលនេះ មិនសហការបញ្ជូនទៅកាន់អង់គ្លេស ឬសហរដ្ឋអាមេរិក ដែលកំពុងតាមប្រមាញ់ លោកទូច សុឃៈ អះអាងថា ដោយសារ ចិនមកសហការនឹងកម្ពុជាជាយូរមកហើយ ហើយមានតែចិនទេ ទើបមានមូលដ្ឋានច្បាប់ដើម្បីកាត់ទោស រូបលោក ដោយសារលោកមានដើមកំណើតចិន ហើយប្រទេសនានា ដែលចោទប្រកាន់រូបលោកនេះ អាចទាក់ទងទៅកាន់ចិន ដោយកម្ពុជាមិនមានជាប់ពាក់ព័ន្ធទៀតឡើយ។


សម្រាប់លោកអំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) ដែលជាស្ថាប័នសង្គមស៊ីវិលដែលតាមដានការបង្ក្រាបបទល្មើសបោកប្រាស់អនឡាញនេះ ចាត់ទុកការចាប់បញ្ជូនខ្លួនមេឧក្រិដ្ឋជនទាំងនេះ ជាចំណុចវិជ្ជមានមួយដែលរដ្ឋាភិបាលកម្ពុជាមានកិច្ចសហការជាមួយអន្តរជាតិ ដែលការបញ្ជូនទៅកាន់ចិននេះ លោកយល់ថា ដោយសារទំនាក់ទំនងល្អរវាងទីក្រុងភ្នំពេញ និងប៉េកាំង។ លោកថា រឿងនេះ ជាការស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិបន្ទាប់ពីរងការរិះគន់ជាច្រើនឆ្នាំមកហើយ ថាកម្ពុជាជាសម្បុកឧក្រិដ្ឋជនអន្តរជាតិ ដែលប៉ះពាល់ដល់ វិស័យទេសចរណ៍ ការវិនិយោគ និងសណ្តាប់ធ្នាប់សង្គម។ លោកស្នើឱ្យរដ្ឋាភិបាល បង្កើនកិច្ចសហការដូចនេះបន្តទៀត ជាពិសេសត្រូវវែកមុខមេខ្លោងធំៗ នៅពីក្រោយ ដើម្បីលើកស្ទួយមុខមាត់ជាតិនិងផលប្រយោជន៍យូរអង្វែង។


គួរបញ្ជាក់ថា បន្ទាប់ពីចេន ហ្ស៉ី ត្រូវចាប់ខ្លួន ធនាគារជាតិនៃកម្ពុជាបានប្រកាសឱ្យធនាគារព្រីនស៍មិនអាចផ្តល់សេវាថ្មីៗទៀត ហើយប្រតិបត្តិការសម្រាប់អតិថិជនចាស់ បានផ្លាស់ប្រគល់ដល់ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក( Morisonkak MKA audit-accounting Co., Ltd) មានសិទ្ធិបន្ត។ ជុំវិញការវិវត្តន៍នៃសំណុំរឿងនេះ Kampu Insider នឹងធ្វើការតាមដានបន្ត។


ដោយ៖ សំបាន ច័ន្ទដារ៉ា

Comments


bottom of page